ពេលធ្លាក់ទឹកចិត្តចូរនិយាយចេញ

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ឆ្នាំ ២០១៥  បានបង្ហាញថា ជំងឺធ្លាក់ទឹកចិត្តជាបញ្ហាសុខភាពសាធារណៈមួយដែលបាននិងកំពុងធ្វើអោយប៉ះពាល់ដល់ដំណើរជីវិតរបស់ពលរដ្ឋប្រមាណ៣០០លាននាក់នៅជុំវិញពិភពលោក។ ហើយនិន្នាការនៃការកើតជំងឺនេះនឹងមានការកើនឡើង។ 

បុគ្គលមួយមានបញ្ហាធ្លាក់ទឹកចិត្តអាចត្រូវបានសម្គាល់ដោយអាការៈដូចជា ការមានសម្ពាធផ្លូវចិត្ត បាត់បង់ការចាប់អារម្មណ៍ឬភាពរីករាយ ការថយចុះថាមពល ចេះតែគិតថាខ្លួនមានកំហុសឬគ្មានតម្លៃ អស់សង្ឃឹម គេងមិនលក់ឬញ៉ាំមិនបាន ជាដើម។ ជំងឺធ្លាក់ទឹកចិត្តនេះវានឹងធ្វើអោយប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់បុគ្គលដែលកើត រហូតអាចនាំអោយពួកគេឈានទៅរកការសម្លាប់ខ្លួនក៏មាន។

គួរបញ្ជាក់ថា ជំងឺធ្លាក់ចិត្តជាជំងឺផ្លូវចិត្តដែលយើងគ្រប់គ្នាត្រូវយកចិត្តទុកដាក់។ គោលបំនងសំខាន់នៃទិវាសុខភាពពិភពលោកឆ្នាំ២០១៧នេះ គឺការលើកទឹកចិត្តអោយមនុស្សគ្រប់គ្នា រួមមានគ្រួសារ មាតា បិតា  គ្រូបង្រៀន មិត្តរួមការងារ មិត្តភក្ដិផ្សេងៗ និង ធនធានសហគមន៍ ត្រូវបើកចិត្តទទួលស្ដាប់និងផ្ដល់ការប្រឹក្សាដល់អ្នកបញ្ហាធ្លាក់ទឹកចិត្ត។ ម៉្យាងទៀត អ្នកជំងឺខ្លួនឯងក៏ត្រូវតែ​ហ៊ាននិយាយចេញនូវបញ្ហាដែលមាន ឬ ក៏ស្វែងការជួយពីអ្នកជំនាញសុខភាពផ្លូវចិត្តដែលមាននៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពឬអង្គការក្រៅរដ្ឋាភិបាល ជាដើម។