កម្មវិធីប្រកួតប្រជែងបង្កើតវីដេអូឃ្លីប ស្តីពីផបប៉ះពាល់នៃគ្រឿងស្រវឹងលើយុវជន

ក្តីកង្វល់ដ៏ធំរបស់​ប្រទេសកម្ពុជា​ គឺប្រជាជនប្រមាណជា 30នាក់​បានបាត់បង់ជីវិត​ក្នុង​១ថ្ងៃៗ​​​ដោយ​​សារ​តែ​ជំងឺ​ដែល​បណ្តាល​មក​ពី​ការជក់​បារី។​ ចំនួននេះគឺច្រើនជាង​ចំនួនមនុស្ស​ដែល​បានស្លាប់ដោយសារតែ​គ្រោះថ្នាក់ចរាចរ​ណ៍​ គ្រុនចាញ់ ជំងឺអេដស៏​រួមបញ្ចូលគ្នា។​ អ្នកជក់បារីនៅកម្ពុជា​បានចំនាយ​ប្រាក់ជាង​ ១០០​លាន​ដុល្លាសហរដ្ឋអាមេរិក​ទៅលើ​ការទិញបារីជក់។​ យើងដឹងហើយថា​​ថ្នាំជក់ ឬបារី​ គឺជាផលិតផល​ដែលសម្លាប់អ្នកប្រើប្រាស់យូរឆ្នាំ​ជាងពាក់កណ្តាល​ ដោយ​បង្កអោយមានជំងឺជាច្រើនមុខ​ដូចជា ជំងឺមហារីកសួត​ មហារីកមាត់​ ជំងឺពុកធ្មេញ​ បេះដូងសសៃឈាម។ល។​ តាមទិន្នន័យបឋមរបស់​មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ​ដើម្បីព្យាបាលជំងឺមហារី​មួយករណី​គេត្រូវចំណាយលុយ​ជាង ១ម៉ឺនដុល្លាសហរដ្ឋអាមេរិក​ នេះជាឧបសគ្គដ៏ធំធេងក្នុងការកាត់បន្ថយ​​ភាពក្រីក្រ​នៅកម្ពុជាស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា​។​​

 

កម្ពុជា​គឺជាប្រទេស​មួយក្នុងតំបន់​អាស៊ាន​ដែលយកពន្ធថ្នាំជក់​ទាបជាងគេ​ គឺ​២២%​​នៃតម្លៃបារី​លក់រាយ​ចំពោះបារីផលិតក្នុងស្រុក​ និង​ ២៨%​ ចំពោះ​បារី​នាំចូលពី​បរទេស​ ខណៈ​ដែល​ប្រទេស​សិង្ហបុរី​ហូតពន្ធរហូតដល់​៧១%​ ថៃឡង់ដ៏​ ៧០%​ ប្រ៊ុយនេ​ ៦២%​ ។ល។​ ថ្នាំជក់ ឬ បារី​ ដែល​មានតម្លៃទាប​ ជំរុញឲ្យអ្នកញៀនបារីជក់កាន់តែច្រើន ហើយ ឲ្យអ្នកដែលមិន​ចេះជក់បារី​​​ជាពិសេស​ស្រ្តី​ សាកល្បងជក់បារី។ ​

ម៉្យាងវិញទៀត​កុមារ​ ឬយុវជន​ដែលមិនសូវមានថវិកា ក៏​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការសាកល្បងទិញ​បារី​ជក់​ ​ ដែលនឹង​ងាយ​ធ្លាក់ក្នុងការញៀនបារី ​ក្នុងវ័យកាន់តែក្មេង​​។

ធនាគារពិភពលោក​បានផ្តល់​អ​នុសាសន៍ថា​ រដ្ឋាភិបាល​គួរ​ហូតពន្ធថ្នាំជក់​យ៉ាងតិច​ ៦៦%​ ទៅ​ ៨០%​ នៃតម្លៃលក់រាយ​។​ រាល់ការដំឡើងពន្ធផលិតផលថ្នាំជក់​ ១០%​ នាំអោយ​អ្នកជក់បារីក្នុងប្រទេសអភិវឌ្ឍន៍​ ចំនួន៤%​ ​ និង​ អ្នកជក់​បារី​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ចំ​នួន​៨%​ ឈប់ជក់បារី​។​

ឧស្សាហកម្មថ្នាំជក់​បាន​លើកមតិដើម្បីបំភ័ន្តថា​ ការដំឡើងពន្ធបារី​ នឹងនាំអោយ​បាត់បង់ចំណូលពន្ធរដ្ឋ ហើយ​ ពន្ធបារីខ្ពស់​នាំអោយមាន​ការរត់ពន្ធបារី​។​នេះ​មិនមែន​ជាការពិត​នោះ​ទេ​។

          តាមការសិក្សាមួយ​ដែលធ្វើដោយ​អគ្គនាយកដ្ឋា​ពន្ធដារ​ នៃក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​បានបង្ហាញថា​ បើពន្ធអាករពិសេស​ត្រូវ​បានតម្លើង​ ពី១០% ទៅ ២០%​ នោះរដ្ឋាភិបាល​នឹងទទួល​បានចំណូល​បន្ថែម​ ១០%​ពីអាករពិសេស​ និងពីប្រភេទពន្ធផ្សេងទៀត​មួយចំនួន។ តែបើពន្ធអាករពិសេស​ត្រូវបានតំឡើង​ ពី១០% ទៅ ៣០%​ នោះចំណូលពន្ធនឹងកើនឡើង​ទ្វេដងបន្ថែមទៀត​។​ ម្យ៉ាងវិញទៀត​តាមការសិក្សារស្រាវជ្រាវ​បានបង្ហាញច្បាស់ថា​ ប្រទេសដែលមានពន្ធថ្នាំជក់ខ្ពស់​ មានអត្រារត់ពន្ធថ្នាំជក់​តិចជាង​ប្រទេស​ដែលហូតពន្ធថ្នាំជក់ទាប​។ តាមរបាយការ​ណ៍ធនាគារពិភពលោក​ដដែល​បានបង្ហាញថា​ ការដំឡើងពន្ធ​ ដែលធ្វើអោយ​តម្លៃបារី​កើនដល់​ ១០%​ នៅទូទាំងពិភពលោក​ នឹងនាំអោយ​អ្នកជក់បារី​ ៤០លាននាក់​លះបង់ការជក់បារី​ និងបង្ការ​ការស្លាប់​ដែលបណ្តាលមកពី​ការជក់បារីយ៉ាងតិចបំផុត​ ១០លាននាក់។​

ការដំឡើងពន្ធលើផលិតផលថ្នាំជក់​ត្រូវបានចាត់ទុកថាជាវិធានការឈ្នះឈ្នះ​ គឺជួយ​បង្កើនចំណូលពន្ធរដ្ឋផង​ និង​ជួយអ្នកជក់អោយ​ផ្តាច់បារីផង​។​ ការតម្លើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​​​នៅប្រទេសកម្ពុជា​វាមិនត្រឹមតែ​មានគុណតម្លៃ​យ៉ាងខ្ពស់​ស​ម្រាប់​ប្រជាជនខ្មែរនោះទេ​ តែវា​មានគុណតម្លៃសម្រាប់​មនុស្សជាតិ​ ដែល​បានចូលរួមចំណែកកាត់បន្ថយ​ចំនួនមនុស្សដែល​បានស្លាប់​ជិត​ ៦លាននាក់​ក្នុង១ឆ្នាំៗ​នៅទូទាំងពិភពលោក​ដែលបណ្តាលមកពី​ការជក់បារី​ ខណៈដែលកម្ពុជាយើង​មានប្រជាជនប្រមាណជា១ម៉ឺននាក់​បានស្លាប់ជារៀងរាល់ឆ្នាំ។