អនុក្រឹត្យ​ស្តីពី ការបោះពុម្ព​សារ ព្រមាន​សុខភាព ជា​ភាសា​ខ្មែរ និង​ជា​រូបភាព​លើ កញ្ចប់​ផលិតផល​ថ្នាំជក់ ទំហំ​៥៥% បាន​ចូល​ជា​ធរមាន តាំងពី​ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៦ ។ ប៉ុន្តែ​រហូតដល់​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ផលិតផល ថ្នាំជក់​មួយចំនួន ពុំទាន់​អនុវត្តបាន ពេញលេញ​នៅឡើយ​។​ 

​បន្ថែម​លើសពីនេះ​ទៀត គ្រប់​ក្រុមហ៊ុន ផលិតផល​ថ្នាំជក់ នៅ​មិនទាន់​គោរព​បាន លើ​វិធានការ​ចំពោះ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការផ្សព្វផ្សាយ​លក់ និង​ការឧបត្ថម្ភ​កម្មវិធី ដោយ​ឧស្សាហកម្ម​ថ្នាំជក់ ដូចដែល​មានចែង​ក្នុង​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ ផលិតផល​ថ្នាំជក់ នៅឡើយ​ទេ ដោយ​បន្ត​ការផ្សព្វផ្សាយ ពាណិជ្ជកម្ម ផលិតផល​ថ្នាំជក់ ក្រោមរូបភាព​ជាច្រើន ដូចជា​តាម​រថយន្ត និង​ក្រុម​ស្ត្រី​ចល័ត ជាដើម​។  

​ដោយឡែក ចំពោះ​ការដាក់​តាំង ផលិតផល​ថ្នាំជក់ តាម​កន្លែង​លក់​វិញ ក្រុមហ៊ុន​ផលិតផល​ថ្នាំជក់ នៅតែ​បន្ត​ដាក់តាំង​ទូ លក់​ផលិតផល មិន​ត្រឹមត្រូវ តាម​ប្រកាស​របស់ ក្រសួងសុខាភិបាល​ទេ ដូចជា​ដាក់តាំង​ធុង​បារី លើសពី​មួយ ហើយ​ធុង​បារី និង​ផ្ទៃ​តាំង​ផលិតផល​ថ្នាំជក់ មាន​ចំនួន​លើស​ការកំណត់ ដោយ​វា​មាន​ទំហំ​ធំ និង​ពណ៌​ខុសពី ការកំណត់​របស់​ក្រសួង ដោយសារ​ធុង​ទាំងនោះ មាន​រូបភាព​ផ្សាយពាណិជ្ជកម្ម បារី​ជា​ពណ៌ ជា​និមិត្តសញ្ញា​ក្រុមហ៊ុន ជាដើម​។​ 

​អាស្រ័យ​នេះហើយ ក្រសួងសុខាភិបាល សូម​ព្រមាន​ដល់ ក្រុមហ៊ុន​ផលិតផល ថ្នាំជក់​ទាំងអស់ កុំ​ឲ្យ​បន្ត​រំលោភច្បាប់​ទៀត​។ ក្នុងករណី​មិន​គោរព លិខិត​ព្រមាន​នេះ ក្រសួងសុខាភិបាល នឹងធ្វើ​ការផាកពិន័យ ក្រុមហ៊ុន​ផលិតផល​ថ្នាំជក់ ដែល​ល្មើស​ទាំងនេះ ដូច​មានចែង​ក្នុង​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ ផលិតផល​ថ្នាំជក់ ជា​ធរមាន នាពេលខាងមុខ ឆាប់ៗ​នេះ​។N/S

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសារព្រមានរបស់ក្រសួងសុខាភិបាល៖

លិខិតព្រមានរបស់ក្រសួងសុខាភិបាលផ្ញើទៅក្រុមហ៊ុនថ្នាំជក់

លិខិតព្រមានរបស់ក្រសួងសុខាភិបាលផ្ញើទៅក្រុមហ៊ុនថ្នាំជក់